ជ្រើសរើសភាសា: Khmer Khmer English English

ក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលបានជួបប្រទះនឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ រហូតឈានទៅដល់ការបិទប្រទេស, ការបិទទីក្រុង, ការរឹតត្បិតការធ្វើដំណើរ និង​ការ​ដាក់ចេញ​នូវ​វិធានការ​ម៉ឺង​ម៉ាត់មួយចំនួន​ទៀត​​ សំដៅ​​ទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩។ ជាលទ្ធផល វិធានការ​ទាំង​នោះ​បានបន្ថែមសម្ពាធ និងបង្អាក់សកម្មភាពផលិតកម្ម, ការផ្គត់ផ្គង់, ការប្រើប្រា​ស់ និងការវិនិយោគ ដែលបាន​រុញ​ច្រាន​កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ឱ្យ​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ស្របគ្នានេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ពីវិបត្តិសកលនេះផងដែរ និងជារួមត្រូវបានវាយតម្លៃថាសម្រេចបានកំណើនអវិជ្ជមាន ក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្មនៅរក្សាបានកំណើនវិជ្ជមាន។ ទន្ទឹមនេះ កម្ពុជានៅបន្តជួបប្រទះបញ្ហាប្រឈមជារចនាសម្ព័ន្ធសំខាន់ៗដូចជា ភាពប្រកួតប្រជែងនៅមានកម្រិត, ភាពយឺតយ៉ាវនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច, ភាពយឺតយ៉ាវនៃការធ្វើឌីជីថលូបនីយកម្មសង្គម-សេដ្ឋកិច្ច ជាដើម។ ជាការឆ្លើយតប រាជរដ្ឋា- ភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយផ្សេងៗ ដូចជា៖ ការជួយសម្រួលក្នុងការកាត់បន្ថយថ្លៃដើម, ពេលវេលា និងបង្កើនភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ដោយបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម; ការអនុម័តច្បាប់វិនិយោគថ្មី, ច្បាប់ស្តីពីការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងច្បាប់ស្តីពីការប្រកួតប្រជែង; ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង; ការកាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី; ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក; ការបង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត; ការបន្តលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល; ការកាត់បន្ថយការធ្វើសវនកម្មពន្ធដារត្រួតគ្នា និងការជំរុញការប្រកួតប្រជែងដោយស្មើភាព; ការបន្តស្វែងរកទីផ្សារក្រៅស្រុកបន្ថែម ទាំងទ្វេភាគី និងពហុភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងប្លុកពាណិជ្ជកម្មថ្មីៗ; ការបន្តពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំ និងការអនុវត្ត គោលនយោបាយ និងវិធានការនានា; ការបន្តបង្កើនការបណ្តុះបណ្តាលជំនាញ; និងការបន្តពង្រឹងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់ទាំងបរិមាណ និងគុណភាព។

ក្នុងឆ្នាំ ២០២១ វិបត្តិជំងឺកូវីដ-១៩ នៅបន្តអូសបន្លាយ គួបផ្សំនឹងការលេចឡើងនូវរលកថ្មីនៃជំងឺកូវីដ-១៩ បណ្តាលមកពីវីរុសបំប្លែងខ្លួនប្រភេទថ្មី រួមមាន ដែលតា ជាដើម បើទោះជាមានការផលិត និងចែកចាយវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ក្នុងទ្រង់ទ្រាយធំទូទាំងសកលលោកក្តី។យ៉ាងណាមិញ, សកម្មភាពសេដ្ឋកិច្ចក្នុងកម្រិតសកល និងតំបន់ ហាក់មានការចាប់ផ្តើម វិលត្រលប់ទៅរកប្រក្រតីភាពវិញជាបន្តិចម្តងៗ គាំទ្រដោយកត្តាសំខាន់ៗ រួមមាន (១). ការបន្តចែកចាយ និងចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងកម្រិតសកល និងតំបន់ (Herd immunity) និង (២). ការចាប់ផ្តើមសម្របខ្លួន និងរៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ និងអាជីវកម្ម។ ជារួម ក្នុងឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថាងើបឡើងវិញ ក្នុងអត្រាកំណើនទាប ៣,០% គាំទ្រដោយការអនុវត្តវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងជាពិសេសការងើបឡើងវិញក្នុងល្បឿនលឿននៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលគាំទ្រដោយការងើបឡើងវិញនៃតម្រូវការសកល ខណៈវិស័យសេវាកម្ម ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន នៅបន្តនិន្នាការធ្លាក់ចុះ។ ក្នុងនោះ វិស័យឧស្សាហកម្ម មានកំណើនក្នុងអត្រា ៧,៤% ក្នុងឆ្នាំ ២០២១ ដែលគាំទ្រដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានវាយតម្លៃថានឹងងើបឡើងវិញក្នុងអត្រាកំណើនទាប។ វិស័យ កសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ក្នុងអត្រា ១,១% ក្នុងឆ្នាំ ២០២១ ដោយសារកំណើនល្អប្រសើរអនុវិស័យ ដំណាំ និងចិញ្ចឹមសត្វ។ យ៉ាងណាមិញ វិស័យសេវាកម្ម ត្រូវបានវាយតម្លៃថានៅបន្តកំណើនអវិជ្ជមាន ក្នុងអត្រា -០,៤% ក្នុងឆ្នាំ ២០២១ ដោយសារការបន្តធ្លាក់ចុះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការងើបឡើងវិញក្នុងអត្រាកំណើនទាបនូវអនុវិស័យអចលនទ្រព្យ, អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។
 ជាមួយនឹងកំណើនងើបឡើងវិញនេះ ផសស ថ្លៃបច្ចុប្បន្នកើនដល់ ១១០ ៩៧២ ប៊ីលានរៀល ហើយ ផសស សម្រាប់មនុស្សម្នាក់ស្ថិតក្នុងអត្រា ១ ៦៦៥ ដុល្លារអាមេរិក។​ អតិផរណាស្ថិតក្នុងកម្រិតគ្រប់គ្រងបានក្នុងអត្រា ២,៩% ក្នុងឆ្នាំ ២០២១ ដូចឆ្នាំ ២០២០ ដែរ ដោយសារការងើបឡើងវិញនៃថ្លៃប្រេងលើទីផ្សារអន្តរជាតិបន្ទាប់ពីប្រទេសជាច្រើនបានបើកប្រទេសឡើងវិញ    ខណៈដែលបានប៉ះប៉ូវដោយការថមថយនៃថ្លៃម្ហូបអាហារ។ ទន្ទឹមនេះ អត្រាប្ដូរប្រាក់បន្តមានស្ថិរភាព ក្នុងរង្វង់ប្រមាណ ៤ ០៦៨ រៀលក្នុងមួយដុល្លារអាមេរិក។

សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៥,៦%  គាំទ្រដោយការរំពឹងទុកការកើនឡើងនៃតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនបរទេស ដែលជាសមិទ្ធផល នៃការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ។ ជារួម កំណើននេះត្រូវបានទ្រទ្រង់ដោយការបន្តកំណើនល្អប្រសើរនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម និងជាពិសេសការងើបឡើងវិញនូវវិស័យសេវាកម្ម ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យអចលនទ្រព្យ។ ក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា មានកំណើន ៨,៤% ក្នុងឆ្នាំ ២០២២ ដែលគាំទ្រដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។ វិស័យកសិកម្ម ត្រូវបានរំពឹងថាបន្តសម្រេចបានកំណើនល្អប្រសើរ ក្នុងអត្រា ១,៣% ក្នុងឆ្នាំ ២០២២ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ គួបផ្សំនឹងការងើបឡើងវិញនៃអនុវិស័យនេសាទ។ ទន្ទឹមនេះ វិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា ៥,១% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យអចលនទ្រព្យ ស្របពេលដែលអនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍រំពឹងថាបន្តកើនឡើង។ បន្ថែមនេះ អត្រាអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ៣,០% ដោយសារការរំពឹងទុកការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ខណៈអត្រាប្តូរប្រាក់ ត្រូវបានរំពឹងថានៅស្ថិតក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិក។

ក្នុងបរិបទនេះ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីៗ ក៏ដូចជាគ្រប់គ្រងហានិភ័យដែលអាចកើតមាន, រាជរដ្ឋាភិបាល បាននិងកំពុងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលា តាមរយៈការដាក់ចេញដោយប្រទាក់ក្រឡានូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវការរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ដ និង កម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដែលមានគោលដៅ ១)-ស្ដារ និងជំរុញវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ច, លុបបំបាត់កត្តារាំងស្ទះគន្លឹះៗតាមវិស័យ; ២)-កែទម្រង់ជារចនាសម្ព័ន្ធ សំដៅកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង; ៣)-ពង្រឹងភាពធន់ ដើម្បីធានាបាននូវចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ៤)-សម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់យន្ដការសារពើពន្ធ ធានាស្ថិរភាពរូបិយវត្ថុ ពង្រឹងសមតុល្យពាណិជ្ជកម្ម ក៏ដូចជា គិតគូរទៅលើយន្ដការ ហិរញ្ញប្បទាន។ យុទ្ធសាស្រ្ដនេះនឹងផ្ដោតអាទិភាពលើផ្នែកសំខាន់ៗចំនួន ៤ រួមមាន៖ បន្តពង្រឹងរដ្ឋបាលសាធារណៈ, បន្តជំរុញការកសាងភាពធន់នៃសេដ្ឋកិច្ច, ពន្លឿនការកសាងភាពធន់នៃសង្គម និងជំរុញការកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ។